ប្រវត្តិល្ខោនខោល ឬភាណីរបស់កម្ពុជា យោងតាមសៀវភៅ «ទស្សនីយភាពខ្មែរ» អត្ថាធិប្បាយថា ពាក្យថា «ខោល» ឬ «ល្ខោនខោល» បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ថា ៖ ខោលគឺជាពួកល្ខោនប្រុស រឿង«រាមកេរ្តិ៍ » ។ ចំពោះលោកហ្សក សឺដេស វិញ បើតាមប្រសាសន៍របស់លោកដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានស្រង់យកមកចុះក្នុងកម្រងសិក្សាកថា «Annale de l’ URBA No 1» បោះពុម្ពឆ្នាំ១៩៦៧ ត្រង់ទំព័រ១៥៧ថា៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះសម្រាប់លោកសឺដេស ល្ខោនខោលគឺជា «ល្ខោននៃរបាំស្វា» ។ ចំណែកអ្នកឧកញ៉ាទេពពិទូរ ក្រសេមគន្ថបណ្ឌិតវិញ នៅក្នុងទស្សនាវដ្តីកម្ពុជសូរិយាលេខ៣ ខែមីនា ឆ្នាំ១៩៤៨ លោកបានពោលថា៖ «ចំណែកល្ខោនខោលនោះ គេកំណត់លេងចំពោះតែរឿងដែលទាក់ទាមដោយរឿងព្រះជាម្ចាស់គឺព្រះឥសូរ ព្រះនារាយណ៍ ដែលជាព្រះក្នុងសេយ្យសាស្ត្រ គឺល...